ទំនុកតម្កើង 38 - អាល់គីតាបពាក្យទូរអារបស់មនុស្សឈឺចុកចាប់ ទំនុករបស់ណាពីទត។ សម្រាប់ពិធីរំលឹក។ 1 ឱអុលឡោះតាអាឡាអើយ ទោះបីទ្រង់មិនពេញចិត្ត នឹងខ្ញុំក៏ដោយ សូមកុំដាក់ទោសខ្ញុំឡើយ ហើយទោះបីទ្រង់ខឹងនឹងខ្ញុំក្តី ក៏សូមកុំធ្វើទារុណកម្មខ្ញុំដែរ 2 ដ្បិតព្រួញរបស់ទ្រង់ បានធ្វើឲ្យខ្ញុំឈឺចុកចាប់ ដៃរបស់ទ្រង់បានសង្កត់មកលើខ្ញុំ។ 3 កំហឹងរបស់ទ្រង់ បានធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ខ្ញុំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ខ្ញុំពុកអស់ 4 ដ្បិតកំហុសរបស់ខ្ញុំបានជន់ជោរ ឡើងលិចក្បាលខ្ញុំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើខ្ញុំ។ 5 របួសខ្ញុំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ខ្ញុំ។ 6 ខ្ញុំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយខ្ញុំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។ 7 ខ្ញុំគ្រុនក្ដៅយ៉ាងខ្លាំង ពេញសព្វសព៌ាង្គកាយ។ 8 ខ្ញុំអស់កម្លាំង ខ្សោះល្វើយ ហើយខ្ញុំស្រែកថ្ងូរ ព្រោះឈឺចុកចាប់ហួសប្រមាណ។ 9 អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ខ្ញុំស្រាប់ហើយ ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំថ្ងូរ។ 10 បេះដូងខ្ញុំញាប់ញ័រ កម្លាំងខ្ញុំក៏ខ្សោយបាត់ទៅ ហើយភ្នែកខ្ញុំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។ 11 មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។ 12 អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។ 13 ប៉ុន្តែ ខ្ញុំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ ខ្ញុំធ្វើជានិយាយមិនរួច ដូចមនុស្សគ។ 14 ខ្ញុំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។ 15 ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់ទាំងស្រុង ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ មានតែទ្រង់ហើយដែលឆ្លើយជំនួសខ្ញុំ! 16 សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញខ្ញុំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលខ្ញុំទន់ជង្គង់នេះឡើយ 17 ដ្បិតខ្ញុំកំពុងតែចង់ដួល ហើយខ្ញុំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ 18 ខ្ញុំសូមសារភាពកំហុស ខ្ញុំសោកស្តាយណាស់ ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។ 19 រីឯខ្មាំងសត្រូវរបស់ខ្ញុំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ខ្ញុំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។ 20 ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ខ្ញុំ ព្រោះតែខ្ញុំខិតខំធ្វើអំពើល្អ។ 21 ឱអុលឡោះតាអាឡាអើយ សូមកុំបោះបង់ចោលខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមកុំចេញឆ្ងាយពីខ្ញុំដូច្នេះ! 22 អុលឡោះតាអាឡាជាម្ចាស់សង្គ្រោះខ្ញុំអើយ សូមមេត្តាប្រញាប់មក សង្គ្រោះខ្ញុំផង!។ |
© 2014 United Bible Societies, UK.
United Bible Societies