ទំនុកតម្កើង 148 - អាល់គីតាបចូរឲ្យអ្វីៗទាំងអស់សរសើរតម្កើងនាមអុលឡោះ 1 ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើងអុលឡោះតាអាឡា នៅសូរ៉កា! អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងទ្រង់! 2 ម៉ាឡាអ៊ីកាត់ទាំងអស់អើយ ចូរសរសើរតម្កើងទ្រង់! ពពួកម៉ាឡាអ៊ីកាត់ទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់! 3 ព្រះអាទិត្យ និងព្រះច័ន្ទអើយ ចូរសរសើរតម្កើងទ្រង់! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់! 4 ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងទ្រង់! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងទ្រង់! 5 ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតពេលទ្រង់មានបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ 6 ទ្រង់បានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ទ្រង់បានដាក់ហ៊ូកុំមួយ ដែលមិនប្រែប្រួលឡើយ។ 7 ចូរសរសើរតម្កើងអុលឡោះតាអាឡានៅលើផែនដី មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងទ្រង់។ 8 ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ទ្រង់ 9 ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់! 10 សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី និងសត្វលូនវារទាំងឡាយអើយ ចូរសរសើរតម្កើងទ្រង់! 11 ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងទ្រង់! 12 យុវជន និងយុវនារី មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងទ្រង់! 13 ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតមានតែនាមទ្រង់ប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ ទ្រង់សំដែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។ 14 ទ្រង់ប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ទ្រង់មានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ គឺប្រជារាស្ត្រអ៊ីស្រអែលទាំងមូល ដែលស្និទ្ធស្នាលនឹងទ្រង់ បានខ្ពស់មុខឡើង! ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies