ទំនុកតម្កើង 142 - អាល់គីតាបមានតែអុលឡោះទេដែលជាទីជំរករបស់ខ្ញុំ កំណាព្យរបស់ណាពីទត។ រំលឹកពីគ្រាដែលគាត់នៅតាមរូងភ្នំ។ ពាក្យទូរអា។ 1 ខ្ញុំបន្លឺសំឡេង ស្រែកអង្វរអុលឡោះតាអាឡា ខ្ញុំបន្លឺសំឡេងទទូចអង្វរអុលឡោះតាអាឡា។ 2 ខ្ញុំជម្រាបទ្រង់ឲ្យជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំជម្រាបទ្រង់។ 3 ពេលខ្ញុំបាក់ទឹកចិត្ត ទ្រង់ជ្រាបច្បាស់ពីដំណើររបស់ខ្ញុំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលខ្ញុំដើរ។ 4 សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។ 5 ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់: ទ្រង់ជាជំរករបស់ខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំគ្មាន អ្វីផ្សេងទៀតក្រៅពីទ្រង់ឡើយ។ 6 សូមយកចិត្តទុកដាក់ នឹងសំរែករបស់ខ្ញុំផង ដ្បិតខ្ញុំទាល់ច្រកហើយ សូមរំដោះខ្ញុំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទខ្ញុំ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។ 7 សូមដោះលែងខ្ញុំឲ្យមានសេរីភាព ដើម្បីឲ្យខ្ញុំលើកតម្កើង នាមទ្រង់ ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ទ្រង់ ព្រោះទ្រង់ប្រណីសន្ដោសដល់ខ្ញុំ។ |
© 2014 United Bible Societies, UK.
United Bible Societies