Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 141 - អាល់គីតាប


សូម​រក្សា​មាត់​ខ្ញុំ
គីតាបសាបូរ​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​អង្វរ​ទ្រង់ មេត្តា​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់ ពេល​ខ្ញុំ​អង្វរ​ទ្រង់ សូម​ស្តាប់​ពាក្យ​ខ្ញុំ​ផង!

2 សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ ឡើង​ទៅ​ដល់​ទ្រង់ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ខ្ញុំ ដូច​ជំនូន​នៅ​ពេល​ល្ងាច!

3 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក្សា​មាត់​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​ពោល​ពាក្យ អាក្រក់​សោះ​ឡើយ។

4 សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ខ្ញុំ មាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ រួម​ជា​មួយ​មនុស្ស​ទុច្ចរិត សូម​កុំ​ឲ្យ​ខ្ញុំ​ចូល​រួម​ជប់‌លៀង ជា​មួយ​ពួក​គេ​ឡើយ។

5 បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ និង​ស្តី​បន្ទោស​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ខ្ញុំ​មិន​ប្រកែក​ទេ ព្រោះ​ជា​ការ​ល្អ​ចំពោះ​ខ្ញុំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ខ្ញុំ។ ក៏​ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទូរអា តប​នឹង​អំពើ​ឃោរ‌ឃៅ​របស់​មនុស្ស​ទុច្ចរិត។

6 សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

7 ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា សូម​ឲ្យ​ផ្នូរ​ខ្មោច​បើក​ចំហ លេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយ‌ប៉ាយ គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។

8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​សម្លឹង​ទៅ​រក​ទ្រង់​ជា‌និច្ច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត។

9 សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ

10 តែ​សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​ដាក់​នោះ​វិញ! រីឯ​ខ្ញុំ ខ្ញុំ​នឹង​បាន​រួច​ខ្លួន។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម