ទំនុកតម្កើង 140 - អាល់គីតាបពាក្យទូរអារបស់អ្នកដែលត្រូវគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារខ្ញុំឲ្យផុត ពីមនុស្សឃោរឃៅ។ 2 អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ! 3 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក 4 ឱអុលឡោះតាអាឡាអើយ សូមការពារខ្ញុំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារខ្ញុំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំខ្ញុំ! 5 មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក 6 ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាម្ចាស់នៃខ្ញុំ! អុលឡោះតាអាឡាអើយ សូមផ្ទៀង ស្ដាប់ខ្ញុំទទូចអង្វរទ្រង់! 7 អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់សង្គ្រោះដោយអំណាចរបស់ទ្រង់ នៅពេលធ្វើសឹកសង្គ្រាម ទ្រង់ការពារខ្ញុំ។ 8 ឱអុលឡោះតាអាឡាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក 9 សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធខ្ញុំ មានជ័យជំនះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាខ្ញុំ បានធ្លាក់ទៅលើពួកគេវិញ! 10 សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទំលាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។ 11 សូមកុំឲ្យអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។ 12 ខ្ញុំដឹងថាអុលឡោះតាអាឡារកយុត្តិធម៌ឲ្យមនុស្ស កំសត់ទុគ៌ត ទ្រង់ការពារមនុស្សក្រីក្រ។ 13 ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងនាមរបស់ទ្រង់ ហើយមនុស្សសុចរិតនឹងបានឃើញទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies