Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 139 - អាល់គីតាប


អុលឡោះ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់
គីតាបសាបូរ​របស់​ណាពី​ទត។

1 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ឈ្វេង​យល់​ដល់ ជម្រៅ​ចិត្ត​ខ្ញុំ ហើយ​ទ្រង់​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់។

2 ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​អង្គុយ ពេល​ណា​ដែល​ខ្ញុំ​ក្រោក​ឈរ ទ្រង់​ឈ្វេង​យល់​គំនិត​របស់​ខ្ញុំ តាំង​ពី​ចម្ងាយ។

3 ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​ធ្វើ​ការ ពេល​ណា​ដែល​ខ្ញុំ​សម្រាក ហើយ​ទ្រង់​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ខ្ញុំ​ប្រព្រឹត្ត។

4 អុលឡោះ‌តាអាឡា​អើយ ពាក្យ​សំដី​មិន​ទាន់​ចេញ​ពី​មាត់​ខ្ញុំ​ផង ទ្រង់​ជ្រាប​សេចក្ដី​ដែល​ខ្ញុំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។

5 ទ្រង់​នៅ​ពី​មុខ​ពី​ក្រោយ​ខ្ញុំ ទ្រង់​ការពារ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។

6 ខ្ញុំ​កោត​ស្ញប់‌ស្ញែង​ណាស់ ដោយ​ទ្រង់​ស្គាល់​ខ្ញុំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ខ្ញុំ មិន​អាច​យល់​បាន​ឡើយ។

7 តើ​ខ្ញុំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ទ្រង់​បាន? តើ​ខ្ញុំ​គេច​ចេញ​ឲ្យ​ឆ្ងាយ ពី​ទ្រង់​ដូច​ម្ដេច​បាន?

8 បើ​ខ្ញុំ​ឡើង​ទៅ​លើ​មេឃ ទ្រង់​នៅ​ទី​នោះ បើ​ខ្ញុំ​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ក៏​ទ្រង់​នៅ​ទី​នោះ​ដែរ។

9 ទោះ​បី​ខ្ញុំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ខ្ញុំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្តី

10 ក៏​ទ្រង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។

11 ប្រសិន​បើ​ខ្ញុំ​ពោល​ថា: «សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។

12 ក៏​ប៉ុន្តែ ចំពោះ​ទ្រង់​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

13 ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ទ្រង់​បាន​បង្កប់​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

14 ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ស្នា‌ដៃ​ដ៏​ល្អ​អស្ចារ្យ ខ្ញុំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។

15 នៅ​ពេល​ខ្ញុំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​ម្តាយ រូប​កាយ​របស់​ខ្ញុំ​មិន​បាន​លាក់​កំបាំង នឹង​ទ្រង់​ទេ។

16 កាល​ខ្ញុំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ទ្រង់​មើល​ឃើញ​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ ទ្រង់​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ខ្ញុំ​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

17 ឱ​អុលឡោះ​អើយ តម្រិះ​របស់​ទ្រង់​ជ្រៅ​ជ្រះ​ណាស់ ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង

18 ប្រសិន​បើ​ខ្ញុំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ខ្ញុំ​អាច​រាប់​ជិត​អស់​ក្តី ក៏​ខ្ញុំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ទ្រង់​ដដែល។

19 ឱ​អុលឡោះ​អើយ ទ្រង់​គួរ​តែ​ប្រហារ​មនុស្ស​ពាល ហើយ​បណ្តេញ​ពួក​ឃាតក​ចេញ ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ។

20 បច្ចា‌មិត្ត​របស់​ទ្រង់​នាំ​គ្នា​យក​នាម​ទ្រង់ ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ទ្រង់​ដោយ​ឥត​បាន​ការ។

21 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ខ្ញុំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំង នឹង​ទ្រង់។

22 ខ្ញុំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត ខ្ញុំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ខ្ញុំ​ផ្ទាល់។

23 ឱ​អុលឡោះ​អើយ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ខ្ញុំ សូម​ល្បង‌ល​មើល​ខ្ញុំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ខ្ញុំ​គិត!

24 សូម​មើល​ខ្ញុំ​ផង ប្រសិន​បើ​ឃើញ​ខ្ញុំ​ដើរ​ខុស​ផ្លូវ នោះ​សូម​ដឹក​នាំ​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ផង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម