Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 136 - អាល់គីតាប


ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

1 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

2 ចូរ​លើក​តម្កើង​អុលឡោះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

3 ចូរ​សរសើរ​តម្កើង​អុលឡោះ‌ជាអម្ចាស់ ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

4 មាន​តែ​ទ្រង់​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

5 អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

6 ទ្រង់​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

7 ទ្រង់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

8 គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

9 ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

10 ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

11 ទ្រង់​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ពី​ស្រុក​អេស៊ីប​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

12 ដោយ​អំណាច និង​កម្លាំង​របស់​ទ្រង់ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

13 ទ្រង់​បាន​ញែក​សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

14 ទ្រង់​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើរ​កាត់​បាត​សមុទ្រ​នោះ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

15 ទ្រង់​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉‌អ៊ូន និង​កង‌ទ័ព​របស់​គាត់​លិច​លង់ ក្នុង​សមុទ្រ​ក្រហម​នោះ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

16 ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

17 ទ្រង់​បាន​វាយ​ប្រហារ​ស្ដេច​មាន​អំណាច​ខ្លាំង ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

18 ទ្រង់​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

19 គឺ​ស្តេច​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

20 ស្តេច​អុក​ជា​ស្ដេច​ស្រុក​បាសាន ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

21 ហើយ​ទ្រង់​ប្រគល់​ទឹក​ដី​របស់​ពួក​គេ មក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទុក​ជា​មត៌ក​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

22 គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

23 នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ទ្រង់​តែងតែ​នឹក​ដល់​យើង​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

24 ទ្រង់​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

25 ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

26 ចូរ​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម