Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 135 - អាល់គីតាប


ខ្ញុំ​ដឹង​ច្បាស់​ថា​អុលឡោះ​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង នាម​អុលឡោះ‌តាអាឡា! អ្នក​បម្រើ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់!

2 អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ដំណាក់​របស់​អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ដំណាក់​របស់​ម្ចាស់​នៃ​យើង​អើយ

3 ចូរ​នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ចូរ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់ ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​យើង។


គីតាបសាបូរ​ជូន​នាម​ទ្រង់

4 អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​យ៉ាកកូប ហើយ​ទ្រង់​យក​ជន‌ជាតិ​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។

5 ខ្ញុំ​ដឹង​ច្បាស់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

6 បើ​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ធ្វើ​ការ​អ្វី ទ្រង់​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។

7 ទ្រង់​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ទ្រង់​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។

8 ទ្រង់​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។​

9 ទ្រង់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ស្តេច​ហ្វៀរ៉‌អ៊ូន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​គាត់។​

10 ទ្រង់​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើន ទ្រង់​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ

11 គឺ​ស្តេច​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ស្តេច​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន​

12 ហើយ​ទ្រង់​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទុក​ជា​មត៌ក។

13 ឱ​អុលឡោះ‌តាអាឡា​អើយ នាម​របស់​ទ្រង់ នៅ​គង់‌វង្ស​រហូត​ត​ទៅ ឱ​អុលឡោះ‌តាអាឡា​អើយ កិត្តិនាម​របស់​ទ្រង់ ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ

14 ដ្បិត​ទ្រង់​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​អាណិត​អាសូរ​អ្នក​បម្រើ របស់​ទ្រង់។

15 ព្រះ​របស់​ប្រជា‌ជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

16 ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

17 មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ​ ។

18 សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​ស្តេច​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។​

19 ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ក្រុម​គ្រួសារ​របស់​ហារូន​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា

20 ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!

21 ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ដែល​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទ្រង់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម