ទំនុកតម្កើង 132 - អាល់គីតាបក្រុងស៊ីយ៉ូនជាដំណាក់របស់អុលឡោះជាវាំងរបស់ណាពីទត បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 ឱអុលឡោះតាអាឡាអើយ សូមនឹកដល់ស្តេចទត និងការនឿយហត់ទាំងប៉ុន្មានរបស់គាត់ផង។ 2 គាត់បានស្បថជាមួយអុលឡោះតាអាឡា គឺគាត់បានសន្យាជាមួយអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូប ថា: 3 «ខ្ញុំនឹងមិនចូលទៅជ្រកនៅក្នុងជំរំខ្ញុំ ខ្ញុំនឹងមិនឡើងទៅដេក នៅលើគ្រែខ្ញុំទេ។ 4 ខ្ញុំមិនព្រមបិទភ្នែក ខ្ញុំមិនព្រមទទួលទានដំណេកលង់លក់ឡើយ 5 ដរាបណាខ្ញុំពុំទាន់រកបាន កន្លែងជូនអុលឡោះតាអាឡា ដរាបណាខ្ញុំពុំទាន់រកបាន ដំណាក់ជូនអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូបទេនោះ!»។ 6 យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ 7 ចូរយើងនាំគ្នាចូលទៅក្នុង ដំណាក់របស់អុលឡោះតាអាឡា ចូរយើងក្រាបនៅចំពោះទ្រង់! 8 ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើង សូមមកជាមួយហិបនៃអំណាច របស់ទ្រង់ ហើយនៅក្នុងទីសម្រាក របស់ទ្រង់រហូតតទៅ។ 9 សូមឲ្យពួកអ៊ីមុាំជាអ្នកបម្រើរបស់ទ្រង់ ប្រព្រឹត្តអំពើសុចរិតជានិច្ច ហើយឲ្យប្រជារាស្ត្ររបស់ទ្រង់ ស្រែកហ៊ោឡើងយ៉ាងសប្បាយ! 10 ដោយយល់ដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ សូមកុំបោះបង់ចោលស្ដេចដែលទ្រង់ បានចាក់ប្រេងតែងតាំងនេះឡើយ! 11 អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។ 12 ប្រសិនបើកូនរបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។ 13 អុលឡោះតាអាឡាបានជ្រើសរើសក្រុងស៊ីយ៉ូន ទ្រង់ពេញចិត្តនៅក្នុងក្រុងនេះ។ 14 ទ្រង់មានបន្ទូលថា «យើងនឹងសម្រាកនៅទីនេះរហូតតទៅ យើងចង់រស់នៅក្នុងកន្លែងនេះណាស់! 15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ ក្នុងក្រុងនេះ មានអាហារបរិបូណ៌។ 16 យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកអ៊ីមុាំរបស់គេ យើងនឹងឲ្យប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ 17 នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយអំណាចកើតពី ពូជពង្សរបស់ទត យើងនឹងរៀបចំឲ្យមានស្ដេច មួយនាក់ស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងតែងតាំង។ 18 យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។ |
© 2014 United Bible Societies, UK.
United Bible Societies