ទំនុកតម្កើង 130 - អាល់គីតាបពីក្នុងរណ្ដៅដ៏ជ្រៅ ខ្ញុំស្រែកអង្វរអុលឡោះ បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 ឱអុលឡោះតាអាឡាអើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ខ្ញុំស្រែកអង្វរទ្រង់ 2 អុលឡោះតាអាឡាអើយ សូមស្តាប់ខ្ញុំផង! សូមស្តាប់ពាក្យ ដែលខ្ញុំទទូចអង្វរ! 3 ឱអុលឡោះតាអាឡាអើយ ប្រសិនបើទ្រង់ចងចាំកំហុស របស់យើងខ្ញុំទុកនោះ គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។ 4 ក៏ប៉ុន្តែ ទ្រង់តែងតែអត់ទោស ឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចទ្រង់។ 5 ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយខ្ញុំសង្ឃឹមលើបន្ទូលរបស់ទ្រង់។ 6 ខ្ញុំទន្ទឹងរង់ចាំអុលឡោះតាអាឡា ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំទ្រង់ជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។ 7 អ៊ីស្រអែលអើយ ចូរទុកចិត្តលើអុលឡោះតាអាឡា ដ្បិតទ្រង់ប្រកបដោយ ចិត្តមេត្តាករុណា ហើយទ្រង់ពេញចិត្តរំដោះអ្នកជានិច្ច! 8 ទ្រង់នឹងរំដោះអ៊ីស្រអែល ឲ្យរួចពីកំហុសទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។ |
© 2014 United Bible Societies, UK.
United Bible Societies