Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 12 - អាល់គីតាប


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​សូម​ជួយ​ផង!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង កំដរ​ដោយ​ពិណ​ប្រាំ‌បី​ខ្សែ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។

2 ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។

3 សូម​អុលឡោះ‌តាអាឡា​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល ពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាត ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។

4 ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។

5 ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។

6 បន្ទូល​របស់​អុលឡោះ‌តាអាឡា​ជា​បន្ទូល​ដ៏​វិសុទ្ធ គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។

7 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់​ជា‌និច្ច ទ្រង់​នឹង​ការពារ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ

8 ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំ ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម