ទំនុកតម្កើង 109 - អាល់គីតាបសូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំត្រូវអាម៉ាស់មុខ គីតាបសាបូររបស់ណាពីទត។ 1 ឱអុលឡោះដែលខ្ញុំ សរសើរតម្កើងអើយ សូមកុំនៅស្ងៀមទៀតឡើយ! 2 ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងខ្ញុំ គេនិយាយកុហកទាស់នឹងខ្ញុំ។ 3 គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។ 4 ខ្ញុំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ខ្ញុំ ខ្ញុំបានទូរអាឲ្យពួកគេ។ 5 ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើខ្ញុំ តបសងនឹងអំពើល្អ ហើយសំដែងចិត្តស្អប់ តបសងនឹងសេចក្ដីស្រឡាញ់។ 6 សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់ ។ 7 សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យទូរអារបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។ 8 សូមកុំឲ្យគេរស់បានយូរឡើយ ត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់។ 9 សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។ 10 សូមឲ្យកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក! 11 សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗ ដែលគេមាន ហើយឲ្យជនបរទេសមកប្លន់យកអ្វីៗ ដែលគេខំប្រឹងរកបាន! 12 សូមកុំឲ្យមាននរណាម្នាក់សំដែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ! 13 សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! 14 សូមអុលឡោះតាអាឡាចងចាំនូវកំហុសដែលដូនតា របស់គេបានប្រព្រឹត្ត ហើយកុំឲ្យទ្រង់ភ្លេចអំពើបាប ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ! 15 សូមអុលឡោះតាអាឡាចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច ពេលពួកគេស្លាប់ កុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ! 16 ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ 17 គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ! គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំឲ្យមាននរណាជូនពរគេឡើយ! 18 សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់! 19 សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។ 20 អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង! 21 អុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តា ជួយខ្ញុំដោយយល់ដល់នាមទ្រង់ ទ្រង់មានចិត្តមេត្តាករុណា ដ៏លើសលប់ សូមរំដោះខ្ញុំផង! 22 ខ្ញុំជាមនុស្សកំសត់ទុគ៌ត ខ្ញុំរបួសដួងចិត្ត។ 23 ខ្ញុំកំពុងតែរសាត់បាត់ទៅ ដូចជាស្រមោលនៅពេលល្ងាច គេកំចាត់ខ្ញុំដូចកំចាត់សត្វល្អិត។ 24 ខ្ញុំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ខ្ញុំស្គមនៅសល់តែស្បែក និងឆ្អឹង។ 25 ពេលមនុស្សម្នាឃើញខ្ញុំ គេនាំគ្នា សើចចំអក និងគ្រវីក្បាលដាក់ខ្ញុំ។ 26 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំផង! សូមសង្គ្រោះខ្ញុំ ដោយចិត្តមេត្តាករុណារបស់ទ្រង់! 27 សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថា ទ្រង់បានសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។ 28 ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។ 29 សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ! 30 ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងអុលឡោះតាអាឡា ខ្ញុំនឹងសរសើរតម្កើងទ្រង់ក្នុងចំណោម បណ្ដាជនដ៏ច្រើនកុះករ! 31 ដ្បិតទ្រង់ការពារជនកំសត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។ |
© 2014 United Bible Societies, UK.
United Bible Societies