ជនគណនា 8 - អាល់គីតាបរបៀបតម្កល់ចង្កៀង 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរប្រាប់ហារូនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។ 3 ហារូនក៏ធ្វើតាម គឺគាត់ដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចអុលឡោះតាអាឡាមានបន្ទូលបង្គាប់មកម៉ូសា។ 4 ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែលអុលឡោះតាអាឡាបង្ហាញឲ្យម៉ូសាឃើញ។ ពិធីតែងតាំងក្រុមលេវី 5 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 6 «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបានបរិសុទ្ធ។ 7 អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបានបរិសុទ្ធ។ 8 បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងជំនូនដែលត្រូវជូនជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើគូរបានរំដោះបាប។ 9 ចូរនាំពួកលេវីឲ្យចូលមកជិតជំរំជួបអុលឡោះតាអាឡា ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រអែលទាំងមូល។ 10 ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រអែលដាក់ដៃលើពួកគេ។ 11 ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។ 12 ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។ 13 បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។ 14 ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ 15 បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ អ្នកត្រូវជម្រះពួកគេឲ្យបានបរិសុទ្ធ និងធ្វើពិធីញែកពួកគេ ទុកជាជំនូនសម្រាប់យើងបែបនេះឯង។ 16 យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល 17 ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង។ 18 ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ 19 យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រអែលប្រគល់ទៅឲ្យហារូន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រអែល នៅក្នុងជំរំជួបអុលឡោះតាអាឡាឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រអែល។ ធ្វើដូច្នេះ អ៊ីស្រអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។ 20 ម៉ូសា ហារូន និងសហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នាអនុវត្តតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ 21 ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូនអុលឡោះតាអាឡានៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។ 22 បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា ក្រោមការទទួលខុសត្រូវរបស់ហារូន និងកូនចៅរបស់គាត់។ គេបានអនុវត្តតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ 23 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 24 «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡាទាំងអស់គ្នា។ 25 ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។ 26 គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។ |
© 2014 United Bible Societies, UK.
United Bible Societies