Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 4 - អាល់គីតាប


មុខ​ងារ​របស់​ក្រុម​លេវី

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖

2 «ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​កូន​ចៅ​កេហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ

3 ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

4 កូន​ចៅ​កេហាត់​បំពេញ​មុខ​ងារ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។

5 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ចេញ​ដំណើរ ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំង​នន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត

6 យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ​សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។

7 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំបុ័ង រួច​យក​ចាន ពែង ចាន​គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច​ស្រា​មក​ដាក់​ពី​លើ។ រី​ឯ​នំ​បុ័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។

8 បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។

9 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ​ភាជន៍​ដាក់​កំទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន​សម្រាប់​ដុត​ចង្កៀង​នោះ

10 ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។

11 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។

12 ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ​រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។

13 ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។

14 បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម​ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។

15 នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

16 អេឡា‌សារ ជា​កូន​របស់​អ៊ីមុាំ​ហារូន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប ជំនូន​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ជំរំ‌សក្ការៈ​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ​ព្រម​ទាំង​ទី​សក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុងទី​សក្ការៈ»។

17 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា និង​ហារូន​ថា៖

18 «មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។

19 ពេល​ណា​អំបូរ​កេហាត់​គេ​ចូល​មក​ជិត​ទី​សក្ការៈ​បំផុត ហារូន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ និង​ភារកិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។

20 ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖

22 «ចូរ​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​កូន​ចៅ​គើសូន​ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។

23 ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ​ងារ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

24 អំបូរ​គើសូន​មាន​ភារកិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:

25 ពួក​គេ​ត្រូវ​សែង​ក្រណាត់​ជំរំ‌សក្ការៈ និង​ក្រណាត់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំង​នន​នៅ​ខាង​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា

26 ក្រណាត់​ដំបូល​ទី​លាន វាំង​នន​ទ្វារ​ចូល​ទី​លាន​ក្រណាត់​នៅ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​អាសនៈ​ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តំរូវ​ឲ្យ​ធ្វើ។

27 ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។

28 នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។

29 ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។

30 ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

31 ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្តារ​របស់​ជំរំ‌សក្ការៈ រនុកេះ សសរ និង​ជើង​សសរ

32 សសរ និង​ជើង​សសរ​នៅ​ជុំវិញ​ទី​លាន ចម្រឹង ខ្សែសន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

33 នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ​ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ជំរំ​អុលឡោះ‌តាអាឡា​ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន»។

34 ម៉ូសា ហារូន និង​មេ​ដឹក​នាំ​របស់​សហគមន៍​បាន​ជំរឿន​កូន​ចៅ​កេហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

35 អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា

36 ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៧៥០នាក់។

37 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខ​ងារ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ​ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

38 រីឯ​កូន​ចៅ​គើសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

39 គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា

40 ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២៦៣០ នាក់។

41 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើសូន គឺ​អស់​អ្នក​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ​ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក។

42 អស់​អ្នក​ក្នុង​អំបូរ​ម៉្រារី​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

43 គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា

44 ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ៣ ២០០ នាក់។

45 នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​ម៉្រារី។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

46 ពួក​លេវី​ទាំង​អស់​ដែល​ម៉ូសា ហារូន និង​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជំរឿន តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

47 ដោយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ​ងារ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​លី​សែង​សម្ភារៈ

48 ពួក​គេ​មាន​ចំនួន​ទាំង​អស់ ៨ ៥៨០ នាក់។

49 ម៉ូសា​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារកិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម