១ របាក្សត្រ 14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម ( ២ សាំយូអែល ៥.១១-១៦ ) 1 ព្រះបាទហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ 2 ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងទ្រង់ជាស្ដេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់ចម្រុងចម្រើនកាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ 3 នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ 4 បុត្ររបស់ស្ដេចដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន 5 យីបហារ អេលីសួ អែលផាលេត 6 ណូកា នេផេក យ៉ាភា 7 អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។ ព្រះបាទដាវីឌទទួលជ័យជម្នះលើជនជាតិភីលីស្ទីន ( ២ សាំយូអែល ៥.១៧-២៥ ) 8 កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។ 9 ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។ 10 ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ 11 ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម” ។ 12 កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។ 13 ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។ 14 ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។ 15 កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។ 16 ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។ 17 កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies