អេសេគាល 15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥អ៊ីស្រាអែលប្រៀបបាននឹងអុសដែលគេដុត 1 ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ 2 «កូនមនុស្សអើយ តើដើមទំពាំងបាយជូរ ជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំងបាយជូរល្អជាងមែកឈើឯទៀតៗឬ? 3 តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ? 4 គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត? 5 កាលវានៅទាំងមូល គេយកទៅប្រើការអ្វីមិនបានផង ចុះទម្រាំបើត្រូវភ្លើងឆេះអស់ នោះវារឹងរឹតតែលែងបានការ!»។ 6 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គេយកអុសទំពាំងបាយជូរពីចំណោមឈើឯទៀតៗនៅក្នុងព្រៃទៅដុតយ៉ាងណា យើងក៏ដាក់ទោសអ្នកក្រុងយេរូសាឡឹមយ៉ាងនោះដែរ។ 7 យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន! 8 យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាទីស្មសាន ព្រោះពួកគេបាននាំគ្នាក្បត់យើង»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies