លេវីវិន័យ 3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥យញ្ញបូជាមេត្រីភាព 1 «ប្រសិនបើនរណាម្នាក់យកគោមកថ្វាយជាយញ្ញបូជាមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្ដី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់។ 2 គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅត្រង់មាត់ទ្វារនៃពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមគោនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3 យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 4 ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 5 បូជាចារ្យជាកូនរបស់លោកអើរ៉ុន ដុតចំណែកទាំងនោះនៅលើអាសនៈ រួមជាមួយនឹងតង្វាយដុតទាំងមូល នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 6 ប្រសិនបើតង្វាយដែលគេយកមកថ្វាយនោះជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់ ទុកជាយញ្ញបូជាមេត្រីភាព។ 7 ប្រសិនបើតង្វាយរបស់គេជាកូនចៀម គេត្រូវយកវាមកថ្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 8 គេត្រូវដាក់ដៃលើក្បាលសត្វដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 9 យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ កន្ទុយទាំងមូលដែលកាត់ផ្ដាច់ចេញពីឆ្អឹងខ្នង ខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 10 ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 11 បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។ 12 ប្រសិនបើតង្វាយរបស់គេជាពពែញី គេត្រូវយកវាមកថ្វាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 13 គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 14 តង្វាយមួយចំណែកត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 15 ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 16 បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់ព្រះអម្ចាស់។ 17 នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាម គ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies