Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​ព្រះ‌ជាម្ចាស់

1 ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី មិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំ ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ទេ ហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពី អាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។

2 ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា

3 ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែ ហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់ យ៉ាង​នោះ​ដែរ។

4 ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

5 រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។

6 អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត! ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។

7 សូម​ព្រះអង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ ទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។

8 ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។

9 ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។

11 ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

12 តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សម្បើម ដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬ បាន​ជា​ព្រះអង្គ​ដាក់​អ្នក​យាម‌ល្បាត នៅ​ជុំ‌វិញ​ទូលបង្គំ​បែប​នេះ?

13 ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេក នោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”

14 ប៉ុន្តែ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

15 ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!

16 ទូលបង្គំ​ឆ្អែត​ចិត្ត​ណាស់ ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។

17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?

18 ព្រះអង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹក ព្រះអង្គ​ល្បង‌ល​គេ​គ្រប់​ពេល​វេលា។

19 តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ ដល់​កាល​ណា​ទៀត សូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេល លេប​ទឹក​មាត់​ផង។

20 ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ដូច​ជា​ផ្ទាំង​ស៊ីប? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ?

21 តើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ព្រះអង្គ​នឹង​រក​ទូលបង្គំ តែ​ទូលបង្គំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម