បទចម្រៀងសាឡូម៉ូន 6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងទៅទីណា? តើគាត់តម្រង់ទៅទិសណា? យើងស្វែងរកគាត់ជាមួយនាងដែរ។ 2 ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។ គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ ព្រមទាំងបេះផ្កាក្រវាន់ផង។ 3 ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។ 4 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។ 5 ចូរកុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ ចុះពីភ្នំនៅស្រុកកាឡាត។ 6 ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ 7 នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។ 8 ស្ដេចមានមហេសីហុកសិបនាក់ មានស្រីស្នំប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា 9 ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ 10 តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ ជានរណា? 11 ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។ 12 ខ្ញុំភាន់ភាំងស្មារតី ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដី ក៏ខ្ញុំលែងយល់អ្វីទាំងអស់។ 13 ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ? |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies