Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 រូប​អូន​ប្រៀប​បាន​នឹង​បុប្ផា​នៅ​វាល​សារ៉ូន និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។

2 ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។

3 ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង ចំណោម​យុវជន​ទាំង‌ឡាយ ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។ អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។

4 ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង ដំណាក់​ស្រា​ទំពាំង‌បាយជូរ នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។

5 សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរ សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន ដើម្បី​មាន​កម្លាំង​ឡើង​វិញ ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។

6 ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។

7 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

8 ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ គាត់​កំពុង​តែ​មក ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។

9 ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។

10 ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា: អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

11 ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។

12 បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុក ហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារ លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។

13 ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

14 ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។

15 ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំង‌បាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។

16 ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។

17 ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។ សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម