និក្ខមនំ 10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥គ្រោះកាចទីប្រាំបី: កណ្ដូប 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្តែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ 2 ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ 3 លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ 4 បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។ 5 វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ 6 វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។ 7 ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ 8 គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ 9 លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។ 10 ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ 11 ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។ 12 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ 13 លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ 14 ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ 15 វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។ 16 ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ 17 ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។ 18 លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ 19 ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ 20 ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។ គ្រោះកាចទីប្រាំបួន: ភាពងងឹតអន្ធការ 21 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ 22 លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ 23 ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។ 24 ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ 25 លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ 26 យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។ 27 ព្រះអម្ចាស់ធ្វើឲ្យស្ដេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ 28 ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ 29 លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies