ទំនុកតម្កើង 99 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ 1 ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកចេរូប៊ីន* ហើយផែនដីកក្រើកញាប់ញ័រ។ 2 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ 3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាម ដ៏ឧត្ដុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។ 4 ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រ ដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយព្រះអង្គធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល! 5 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ! 6 លោកម៉ូសេ និងលោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ ។ 7 ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក* មកពួកលោក ពួកលោកបានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។ 8 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបមកពួកលោក ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្ដី ក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។ 9 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies