ទំនុកតម្កើង 53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។ 1 មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានព្រះជាម្ចាស់ទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។ 2 ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។ 3 ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។ 4 ព្រះជាម្ចាស់មានព្រះបន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ? ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។ 5 ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះព្រះជាម្ចាស់បានកម្ចាត់កម្ចាយពួកគេ។ 6 សូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រាអែល! ពេលព្រះជាម្ចាស់នាំប្រជារាស្ដ្ររបស់ព្រះអង្គ ដែលជាឈ្លើយមកស្រុកវិញ កូនចៅរបស់លោកយ៉ាកុបនឹង បានត្រេកអរយ៉ាងខ្លាំង ប្រជារាស្ដ្រអ៊ីស្រាអែលនឹងមានអំណរ សប្បាយដ៏លើសលុប។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies