Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ពាក្យ​អធិស្ឋាន​ដោយ​ទុក​ចិត្ត
កំណាព្យ​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ!

2 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ នៃ​ទូលបង្គំ ក្រៅ​ពី​ព្រះអង្គ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ទូលបង្គំ​ឡើយ!។

3 ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះ សុទ្ធ​តែ​ជា​មនុស្ស​ល្អ ទូលបង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។

4 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។

5 ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ត្រូវ​ការ អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។

6 ព្រះអង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង មក​ទូលបង្គំ គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូលបង្គំ។

7 ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។

8 ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។

9 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

10 ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ ។

11 ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម