ទំនុកតម្កើង 121 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥តើមាននរណាជួយខ្ញុំឬទេ? បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? 2 គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ 3 ព្រះអង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស 4 ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែល ទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។ 5 ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។ 6 នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ 7 ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។ 8 ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies