ទំនុកតម្កើង 108 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ខ្ញុំដាស់ព្រះអាទិត្យឲ្យរះឡើង បទចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់អើយ ទូលបង្គំ ត្រៀមចិត្តគំនិតជាស្រេច! ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង អស់ពីដួងចិត្ត! 2 ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ 3 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា 4 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ 5 ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល! 6 សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត! 7 ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈ របស់ព្រះអង្គមកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ 8 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ 9 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាម ប្រឆាំងនឹងស្រុកភីលីស្ទីន!»។ 10 តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង ដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម? 11 ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។ 12 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។ 13 បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies