២ យ៉ូហាន 1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 សំបុត្រអ្នកចាស់ទុំ ផ្ញើមកលោកស្រីរើសតាំង នឹងកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ពិតប្រាកដ មិនមែនតែខ្ញុំ១ គឺព្រមទាំងអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ 2 ដោយព្រោះសេចក្ដីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប 3 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះវរបិតា គឺដោយសេចក្ដីពិត នឹងសេចក្ដីស្រឡាញ់។ 4 ខ្ញុំមានសេចក្ដីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្ដីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា 5 ឥឡូវនេះ លោកស្រីអើយ ដែលខ្ញុំសរសេរផ្ញើមកនេះ មិនមែនដូចជាបង្គាប់ដល់លោកស្រីទេ គឺខ្ញុំសូមអង្វរវិញថា ឲ្យយើងរាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមកចុះ ដូចតាំងពីដើមរៀងមក 6 នេះហើយជាសេចក្ដីស្រឡាញ់ គឺឲ្យយើងរាល់គ្នាប្រព្រឹត្តតាមបញ្ញត្តទ្រង់ ឯសេចក្ដីបញ្ញត្តនោះ គឺដូចជាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យបានប្រព្រឹត្តតាម 7 ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង 8 ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត ក្រែងបាត់ផលការដែលបានធ្វើហើយនោះ គឺឲ្យបានទទួលរង្វាន់ដ៏ពេញលេញវិញ 9 អ្នកណាដែលប្រព្រឹត្តរំលង ហើយមិនកាន់ខ្ជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះជាអ្នកគ្មានព្រះទេ តែអ្នកណាដែលកាន់ខ្ជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទវិញ អ្នកនោះមានទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង 10 បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង 11 ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ។ 12 ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមកអ្នករាល់គ្នា តែមិនចង់សរសេរនៅក្រដាស ដោយទឹកខ្មៅនោះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នា ហើយនឹងនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យសេចក្ដីអំណររបស់យើងរាល់គ្នា ចំរើនបានពោរពេញឡើង 13 ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រី ក៏សូមជំរាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia