១ របាក្សត្រ 20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មាន ចេញទៅច្បាំងបាន នោះយ៉ូអាប់លោកនាំពលទ័ពចេញទៅ បំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែដាវីឌ ទ្រង់គង់នៅឯក្រុងយេរូសាឡិមវិញ យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាតនោះ 2 ឯដាវីឌ ទ្រង់យកមកុដ ពីព្រះសិរស្តេចរបស់គេ មកថ្លឹងមើល ឃើញមានទំងន់ជាមាស១ហាប ក៏មានដាំត្បូងមានដំឡៃផង ហើយគេបំពាក់ថ្វាយទ្រង់វិញ ទ្រង់ក៏យករបឹបពីទីក្រុងនោះមកយ៉ាងសន្ធឹកដែរ 3 រួចនាំពួក ដែលនៅក្រុងនោះ ចេញមកដាក់ឲ្យកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ផង ទ្រង់ក៏ធ្វើយ៉ាងនោះដល់អស់ទាំងទីក្រុងរបស់ពួកកូនចៅអាំម៉ូនដែរ រួចទ្រង់ នឹងពួកទ័ពទាំងប៉ុន្មាន ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។ 4 ក្រោយនោះមក ក៏កើតមានចំបាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល 5 ក៏កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សំឡាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថទៅ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំដំបាញ 6 ហើយកើតមានចំបាំង នៅក្រុងកាថទៀត នៅទីនោះមានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង នឹងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ 7 កាលវាបានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាដាវីឌ ក៏សំឡាប់វាបង់ 8 អ្នកទាំងនោះសុទ្ធតែជាពូជមនុស្សមានមាឌធំ ដែលនៅក្រុងកាថ ហើយក៏ស្លាប់ដោយព្រះហស្តដាវីឌ នឹងដៃនៃពួកទ័ពទ្រង់ទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia