លេវីវិន័យ 12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទំងន់ ហើយសំរាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់៧ថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ 3 លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ 4 រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសំអាតខ្លួននោះបានសំរេច 5 បើនាងសំរាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ 6 លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ 7 ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសំរាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី 8 តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សំរាប់ជាដង្វាយដុត ហើយ១សំរាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia