យ៉ូស្វេ 18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ហើយដំឡើងត្រសាលជំនុំនៅទីនោះ ស្រុកនោះទាំងមូលក៏បានក្រាបចុះចូលនឹងគេ 2 តែក្នុងពួកកូនចៅអ៊ីស្រាអែល នៅមានពូជអំបូរ៧ ដែលមិនទាន់ចែកចំណែកមរដកគ្នានៅឡើយ 3 ដូច្នេះយ៉ូស្វេក៏តឿនដល់ពួកកូនចៅអ៊ីស្រាអែលថា តើឯងធ្វេសប្រហែសនឹងចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានប្រទានមកឯងរាល់គ្នា ដល់កាលណាទៀត 4 ចូរដំរូវមនុស្ស៣នាក់ពីគ្រប់ទាំងពូជអំបូរមក នោះអញនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុក ដើម្បីនឹងសរសេរកំណត់តាមចំណែកមរដកគេគ្រប់គ្នា រួចត្រឡប់មកឯអញវិញ 5 រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដាត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង 6 នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះ ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា 7 ឯពួកលេវីគេគ្មានចំណែកណានៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតការងារជាសង្ឃផងព្រះយេហូវ៉ា នោះជាមរដករបស់គេហើយ ឯពួកកាឌ់ ពួករូបេន នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះបានទទួលមរដក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានចែកឲ្យគេនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ។ 8 ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា 9 ដូច្នេះ អ្នកទាំងនោះក៏ចេញទៅដើរចុះឡើងក្នុងស្រុក ហើយបានសរសេរកំណត់ចែកជា៧ចំណែក តាមទីក្រុងស្រុកនោះ ព្រមទាំងកត់ចុះក្នុងសៀវភៅ រួចត្រឡប់មកឯយ៉ូស្វេ នៅទីដំឡើងត្រសាល ត្រង់ស៊ីឡូរវិញ 10 នោះយ៉ូស្វេក៏បោះឆ្នោតឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ យ៉ូស្វេក៏ចែកស្រុកឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។ 11 គេចាប់ឆ្នោតឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា នឹងពួកកូនចៅយ៉ូសែប 12 ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន 13 ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម 14 ព្រំខាងលិចនោះក៏ដំរង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលប្រទល់មុខនឹងបេត-ហូរ៉ុននោះ ទៅផុតត្រឹមគារយ៉ាត់-បាល គឺគារយ៉ាត់-យារីម ដែលជាទីក្រុងរបស់ពួកកូនចៅយូដា នេះហើយជាព្រំខណ្ឌខាងលិច 15 ឯខាងត្បូងព្រំ នោះចេញពីក្រុងគារយ៉ាត់-យារីម ដំរង់ទៅខាងលិច ដល់ក្បាលទឹកណែបត្វា 16 ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូសរហូតដល់អេន-រ៉ូកេល 17 រួចបត់ទៅខាងជើងដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន 18 ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ 19 ក៏ចេះតែទៅខាងជើងបណ្តោយតាមចំហៀងបេត-ហុកឡា ចេញមកផុតត្រឹមឈូងសមុទ្រអំបិលខាងជើង ត្រង់ចុងទន្លេយ័រដាន់ខាងត្បូង នេះជាព្រំស្រុកខាងត្បូង 20 ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។ 21 រីឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ នោះគឺយេរីខូរ១ បេត-ហុកឡា១ អេមាក់-កេសីស១ 22 បេត-អារ៉ាបា១ សេម៉ារែម១ បេត-អែល១ 23 អាវីម១ ប៉ារ៉ា១ អូប្រា១ 24 កេផា-អាំម៉ូនី១ អូបនី១ នឹងកេបា១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 25 ក្រុងគីបៀន១ រ៉ាម៉ា១ ប្អៀរ៉ុត១ 26 មីសប៉ា១ កេភីរ៉ា១ ម៉ូសា១ 27 រេគេម១ យារពាល១ តារ៉ាឡា១ 28 សេឡា១ អេលេប១ យេប៊ូស គឺជាក្រុងយេរូសាឡិម១ គីបៀរ១ នឹងគារយ៉ាត់១ ទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia