យ៉ូប 17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ 2 នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុករបស់គេជានិច្ច។ 3 សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន 4 ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ 5 គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។ 6 ប៉ុន្តែទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ 7 ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ 8 មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស 9 ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង 10 ត្រង់ឯអ្នករាល់គ្នា អញ្ជើញមកវិញ អើ សូមមកចុះ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ 11 អស់ទាំងថ្ងៃនៃអាយុខ្ញុំបានកន្លងហួសទៅ ឯសេចក្ដីតាំងចិត្តរបស់ខ្ញុំ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ 12 ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ 13 បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបានស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត 14 បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ 15 យ៉ាងនោះតើមានសេចក្ដីសង្ឃឹមឯណា ចំណែកឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន 16 នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia