យេរេមា 45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់យេរេមា គឺនៅក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា 2 គឺថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់បារូកឯងដូច្នេះ 3 ឯងបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្ដីសំរាកឡើយ 4 ត្រូវឲ្យនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមើល របស់អ្វីដែលអញបានស្អាងឡើង នោះអញនឹងរំលំចុះ ហើយរបស់អ្វីដែលអញបានដាំ នោះអញនឹងដករំលើងវិញ ក៏នឹងធ្វើយ៉ាងនោះនៅពេញក្នុងស្រុកផង 5 ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia