ទំនុកតម្កើង 8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។ 1 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ ទ្រង់បានដំកល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌ 2 ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរ ដោយសារមាត់កូនក្មេង នឹងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់ ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បានស្ងៀមនៅ 3 កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក 4 នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ 5 ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ 6 ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់ ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ 7 គឺអស់ទាំងចៀម នឹងគោ អើ ទាំងសត្វព្រៃផង 8 អស់ទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក 9 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia