ទំនុកតម្កើង 64 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។ 1 ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលដំអូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវ 2 សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត អាក្រក់ប្រឹក្សាដោយសំងាត់ នឹងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត 3 ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់ 4 ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍ គេស្រាប់តែបាញ់អ្នកនោះ ឥតខ្លាចអ្វីសោះ 5 គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ 6 គេស្វែងរកអំពើទុច្ចរិត គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ ឯគំនិតខាងក្នុង នឹងចិត្តរបស់គេ សុទ្ធតែមានជំរៅណាស់ 7 ប៉ុន្តែព្រះទ្រង់នឹងបាញ់ចំគេ លោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ 8 គឺអណ្តាតខ្លួនគេនឹងនាំឲ្យគេដួល ហើយអស់អ្នកណាដែលឃើញនឹងគ្រវីក្បាល 9 នោះមនុស្សទាំងអស់នឹងភ័យខ្លាច ហើយនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ 10 ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀងត្រង់ គេនឹងអួតសរសើរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia