Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 59 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ «សូម​កុំ​បំផ្លាញ» ក្នុង​កាល​ដែលស្តេច​សូល​ចាត់​គេ​ទៅ​ឈ្លប​លប​នៅ​ឯ​ផ្ទះ ដើម្បី​នឹង​សំឡាប់​ទ្រង់ សំរាប់​មេ​ភ្លេង ។

1 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​ឲ្យ ទូលបង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវ សូម​ការ‌ពារ​ឲ្យ​រួច​ពី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ

2 សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ដែល​កំចាយ​ឈាម

3 ដ្បិត​មើល ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​លប​ចាប់​ជីវិត​ទូលបង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូលបង្គំ​ឡើយ

4 គេ​រត់​មក​ត្រៀម​ខ្លួន ឥត​ទូលបង្គំ​ធ្វើ​ខុស​អ្វី​ផង សូម​ទ្រង់​តើន​ឡើង​មក​ជួយ​ទូលបង្គំ ហើយ​ពិចារណា​មើល

5 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​តើន​ឡើង​មក​ដាក់​ទោស​ដល់​ពួក​សាសន៍​ដទៃ សូម​កុំ​អាណិត​មេត្តា​ដល់​អ្នក​ណា​មួយ ដែល​រំលង​ដោយ​កាច​អាក្រក់​ឡើយ។ –បង្អង់

6 ៙ គេ​ត្រឡប់​មក​វិញ​រាល់​តែ​ល្ងាច គេ​លូ​ដូច​ជា​ឆ្កែ ព្រម​ទាំង​ដើរ​ក្រវែល​ទី​ក្រុង

7 មើល គេ​ភើ​ចេញ​មក​ពី​មាត់​គេ ក៏​មាន​ដាវ​នៅ​បបូរ​មាត់ ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ

8 តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សើច​ឡក​ឲ្យ​គេ ទ្រង់​នឹង​ចំអក​ឲ្យ​ពួក​សាសន៍​ដទៃ​ទាំង​អស់​ផង

9 ហេតុ​ដោយ​ព្រោះ​គេ​មាន​កំឡាំង​ខ្លាំង បាន​ជា​ទូលបង្គំ​សំឡឹង​មើល​ដល់​ទ្រង់ ដ្បិត​ព្រះ‌ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ

10 ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​យាង​មក​ប្រោស ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ទ្រង់​នឹង​ឲ្យ​ទូលបង្គំ​ឃើញ​បំណង​ចិត្ត ធ្លាក់​លើ​ពួក​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ

11 សូម​កុំ​សំឡាប់​គេ ក្រែង​រាស្ត្រ​ទូលបង្គំ​ភ្លេច តែ ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​កំចាត់‌កំចាយ​គេ ដោយ​ព្រះ‌ចេស្តា​ទ្រង់ ហើយ​ទំលាក់​គេ​ចុះ​វិញ

12 សូម​ឲ្យ​គេ​ជាប់​ទោស ដោយ​សេចក្ដី​អំនួត​របស់​គេ ដោយ​ព្រោះ​បាប​របស់​មាត់​គេ នឹង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់ ព្រម​ទាំង​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ភូត‌ភរ ដែល​គេ​ពោល​នោះ​ផង

13 សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយ ហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ‌ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់

14 ៙ នោះ​ឲ្យ​គេ​ត្រឡប់​មក​លូ​រាល់​តែ​ល្ងាច​ដូច​ជា​ឆ្កែ ឲ្យ​គេ​ដើរ​ក្រវែល​ទី​ក្រុង​ចុះ

15 គេ​នឹង​ដើរ​ចុះ​ឡើង​រក​អាហារ ហើយ​បើ​គេ​មិន​បាន​ឆ្អែត នោះ​ឲ្យ​គេ​អាស្រ័យ​ដរាប​ដល់​ភ្លឺ​ទៀត

16 តែ​ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា

17 ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ‌ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ​ផង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម