Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 57 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ «សូម​កុំ​បំផ្លាញ» ក្នុង​កាល​ដែល​ទ្រង់រត់​ពី​ស្តេច​សូល​ទៅ​នៅ​ក្នុង​រូង​ថ្ម សំរាប់​មេ​ភ្លេង។

1 សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ ឱ​ព្រះ‌អង្គ អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ពី​ព្រោះ​ព្រលឹង​ទូលបង្គំ​ពឹង​នៅ​ក្នុង​ទ្រង់ អើ ទូលបង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់ ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ

2 ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូលបង្គំ

3 កាល​ណា​មនុស្ស​ដែល​ចង់​លេប​បំបាត់​ទូលបង្គំ គេ​ត្មះ‌តិះដៀល នោះ​ទ្រង់​នឹង​ចាត់​មក​ពី​ស្ថាន‌សួគ៌ ដើម្បី​ជួយ​សង្គ្រោះ​ទូលបង្គំ​វិញ។ –បង្អង់ ៙ គឺ​ព្រះ‌ទ្រង់​នឹង​ចាត់​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​របស់​ទ្រង់​មក

4 ព្រលឹង​ទូលបង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហ ទូលបង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយ គឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង នឹង​ព្រួញ ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ

5 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​ពីលើ​ផែនដី​ទាំង​មូល។

6 ៙ គេ​បាន​ត្រៀម​អន្ទាក់​សំរាប់​ទាក់​ជើង​ទូលបង្គំ ព្រលឹង​នៃ​ទូលបង្គំ​បាន​ត្រូវ​ឱន​ចុះ គេ​បាន​ជីក​រណ្តៅ​នៅ​មុខ​ទូលបង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់

7 ៙ ទូលបង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូលបង្គំ​បាន​តាំង​ស្រេច​ហើយ ទូលបង្គំ​នឹង​ច្រៀង អើ ទូលបង្គំ​នឹង​ច្រៀង​សរសើរ

8 ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ ហើយ​នឹង​ស៊ុង​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឯ​អញ​ក៏​នឹង​ភ្ញាក់​ពី​ព្រលឹម​ស្រាង​ដែរ

9 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​ប្រទូល​ដៃ​ដល់​ទ្រង់​នៅ កណ្តាល​ពួក​ជន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ

10 ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ

11 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ស្ថាន‌សួគ៌ ហើយ​ឲ្យ​សិរី‌ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម