ទំនុកតម្កើង 49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង។ 1 អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ 2 គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា 3 មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី សេចក្ដីត្រឹមត្រូវ 4 ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមា ខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។ 5 ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់ គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង បានព័ទ្ធខ្ញុំជុំវិញហើយ 6 ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ 7 នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ 8 ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ 9 នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយ មិនបានទេ។ 10 ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ ហើយមនុស្សខ្លៅល្ងង់ នឹងមនុស្សកំរោល គេវិនាស ទៅដូចគ្នា ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង 11 អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ 12 ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។ 13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែមនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់ 14 គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ 15 ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់ 16 ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ 17 ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ ផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ 18 ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ ក្នុងកាលដែលនៅរស់នៅឡើយ ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន លៀងជីវិតយ៉ាងល្អក៏ដោយ 19 គង់តែនឹងត្រូវទៅតាមពួកឰយុកោខ្លួន ដែលមិនឃើញពន្លឺទៀត 20 មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia