Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យា‌ស្រ័យ ដល់​ពួក​មនុស្ស​ក្រីក្រ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់

2 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ គេ​នឹង​បាន​ពរ​នៅ​ផែនដី​នេះ ហើយ​ទ្រង់​នឹង​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​នៃ​ពួក​ខ្មាំង​សត្រូវ​ឡើយ

3 ព្រះ‌យេហូវ៉ា​នឹង​ទ្រ‌ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ។

4 ៙ ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង សូម​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ

5 ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ គេ​និយាយ​សេចក្ដី​អាក្រក់​ពី​ទូលបង្គំ​ថា តើ​វេលា​ណា​វា​នឹង​ស្លាប់ ហើយ​ឈ្មោះ​វា​វិនាស​បាត់​ទៅ

6 បើ​កាល​ណា​គេ​មក​សួរ​ទូលបង្គំ នោះ​ក៏​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ ចិត្ត​គេ​ប្រមូល​សេចក្ដី​ទុច្ចរិត​ទុក លុះ​ចេញ​ទៅ​ក្រៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​សេចក្ដី​នោះ

7 ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​ខ្សឹប‌ខ្សៀវ​គ្នា ទាស់​នឹង​ទូលបង្គំ គេ​បង្កើត​ការ​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ។

8 ៙ គេ​ថា មាន​រោគ​អាក្រក់​ជាប់​នៅ​ខ្លួន​វា ឥឡូវ​នេះ ដែល​វា​ដេក​ចុះ​ហើយ មុខ​ជា​នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ

9 អើ ទាំង​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ ជា​អ្នក​ដែល​ទូលបង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូលបង្គំ​ផង នោះ​បាន​លើក​កែង‌ជើង​ចង់​ជាន់​ឈ្លី​ទូលបង្គំ​ដែរ

10 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិត មេត្តា​លើក​ទូលបង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង​តប​ដល់​គេ។

11 ៙ យ៉ាង​នោះ ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ពិត ដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ‌ជំនះ​ឈ្នះ​ទូលបង្គំ​ឡើយ

12 ឯ​ទូលបង្គំ ទ្រង់​ទប់‌ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ហើយ​ក៏​តាំង​ទូលបង្គំ ឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។

13 ៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អតីត ទៅ​ដល់​អនាគត អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម