ទំនុកតម្កើង 3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើក កាលរត់ពីអាប់សាឡំម ជាព្រះរាជបុត្រា។ 1 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎ មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ 2 មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់ 3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ 4 ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់ 5 ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ 6 ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។ 7 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ 8 ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ –បង្អង់ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia