ទំនុកតម្កើង 140 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។ 1 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត 2 ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់ ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច 3 គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់ 4 ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត 5 ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ ព្រមទាំងខ្សែរូតផង គេបានលាតមងតាមផ្លូវ នឹងអង្គប់ផង ដើម្បីចាប់ទូលបង្គំ។ –បង្អង់ 6 ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរ 7 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម 8 ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់ តាមអំពើចិត្តគេឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ ក្រែងគេអួតខ្លួន។ –បង្អង់ 9 ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ បានធ្លាក់ទៅលើគេវិញ 10 សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ 11 មនុស្សដែលមានអណ្តាតអាក្រក់ នោះមិនដែលបានតាំងឡើង ឲ្យមាំមួននៅផែនដីឡើយ ឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាម បំផ្លាញគេ 12 ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកំសត់ទុគ៌តផង 13 ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia