ទំនុកតម្កើង 13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។ 1 ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា 2 តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ 3 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់ 4 ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ 5 ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ 6 ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia