ទំនុកតម្កើង 122 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់ 2 ឱក្រុងយេរូសាឡិមអើយ ជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ 3 យេរូសាឡិមអើយ ឯងបានសង់ឡើង ដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា 4 ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា 5 ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យ គឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ 6 ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន 7 សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង ហើយសេចក្ដីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង 8 ព្រោះយល់ដល់ពួកបងប្អូន នឹងពួកមិត្រសំឡាញ់ របស់អញ បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងឯងចុះ 9 ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា នោះអញនឹងស្វែងរកសេចក្ដីល្អដល់ឯង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia