ទំនុកតម្កើង 112 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង ចំពោះសេចក្ដីបង្គាប់របស់ទ្រង់ 2 ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ 3 ចំណែកធនធាន នឹងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប 4 មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សំរាប់មនុស្សទៀងត្រង់ គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណា អាណិតអាសូរ ហើយសុចរិត 5 អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌ 6 ដ្បិតគេមិនត្រូវរង្គើឡើយ នឹងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិត នៅជារៀងរាបដរាប 7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ ចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា 8 ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន 9 គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់ សេចក្ដីសុចរិតរបស់គេគង់នៅជាដរាប មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ 10 ពួកមនុស្សអាក្រក់នឹងមើលឃើញ ហើយនឹងមានចិត្តក្នាញ់ គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ បំណងចិត្តនៃមនុស្សអាក្រក់នោះ នឹងវិនាសសូន្យទៅវិញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia