Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 108 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


បទ​ចំរៀង​ជា​ទំនុក​របស់​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូលបង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូលបង្គំ​នឹង​ច្រៀង អើ នឹង​ច្រៀង​សរសើរ ដោយ‌សារ​កិត្តិយស​របស់​ទូលបង្គំ​ដែរ

2 ឱ​ពិណ ហើយ​នឹង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង ឯ​ទូលបង្គំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដែរ

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់ នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន

4 ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ពពក​ដែរ

5 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី

6 ដើម្បី​ឲ្យ​អស់​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ប្រោស​ឲ្យ​រួច សូម​ជួយ​សង្គ្រោះ ដោយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ ហើយ​ឆ្លើយ​មក​យើង​ខ្ញុំ​ផង

7 ព្រះ​ទ្រង់​បាន​មាន​បន្ទូល ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ថា យើង​នឹង​ត្រេក‌អរ​ឡើង ក៏​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត

8 ឯ​ស្រុក​កាឡាត ជា​ស្រុក​របស់​ផង​យើង ហើយ​ខេត្ត​ម៉ាន៉ាសេ​ផង ខេត្ត​អេប្រា‌អិមជា​ទី​មាំ‌មួន​ការ‌ពារ​ក្បាល​យើង ហើយ​ស្រុក​យូដាជា​អ្នក​តែង​ច្បាប់​របស់​យើង

9 ស្រុក​ម៉ូអាប់ ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹក ហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំម យើង​នឹង​ស្រែក​ឡើង​ពី​លើ​ស្រុក​ភីលីស្ទីន

10 តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ទៅ​ឯ​ស្រុក​អេដំម

11 ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ជា​ព្រះ​ដែល​បាន​ចោល​យើង​ខ្ញុំ​ហើយ​ផង ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ នឹង​ពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ

12 សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវ ដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ

13 ដោយ​ពឹង​ដល់​ព្រះ នោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ របស់​យើង​ខ្ញុំ​បង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម