Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 101 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ទូលបង្គំ​នឹង​ច្រៀង​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​យុត្តិ‌ធម៌ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់

2 ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​គ្រប់​លក្ខណ៍​ដោយ​ប្រាជ្ញា ឱ​កាល​ណា​បាន​ទ្រង់​យាង​មក​ឯ​ទូលបង្គំ ទូលបង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ

3 ទូលបង្គំ​នឹង​មិន​តាំង​របស់​អាក្រក់​អ្វី នៅ​ចំពោះ​ភ្នែក​ទូលបង្គំ​ឡើយ ទូលបង្គំ​ខ្ពើម​កិច្ច‌ការ​របស់​ពួក​អ្នក​ដែល​មិន​ទៀង កិច្ច‌ការ​ទាំង​នោះ​នឹង​មិន​ជាប់​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​ឡើយ

4 ចិត្ត​វៀច​កោង​នឹង​ត្រូវ​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​មិន​ព្រម​ស្គាល់​សេចក្ដី​អាក្រក់​ទេ

5 ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ

6 ឯ​ភ្នែក​ទូលបង្គំ នឹង​នៅ​លើ​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ស្រុក ដើម្បី​ឲ្យ​គេ​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ​វិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ អ្នក​នោះ​ឯង​នឹង​បំរើ​ទូលបង្គំ

7 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូត‌ភរ នោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​មិន​បាន អ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូលបង្គំ​ដែរ

8 រាល់​តែ​ព្រឹក​ទូលបង្គំ​នឹង​បំផ្លាញ​អស់​ពួក​មនុស្ស​អាក្រក់ ចេញ​ពី​ស្រុក​ទៅ ដើម្បី​នឹង​កាត់‌កាល់​អស់​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត សេចក្ដី​ទុច្ចរិត ចេញ​ពី​ទី​ក្រុង​នៃ​ព្រះ‌យេហូវ៉ា​បង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម