Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

៣ យ៉ូហាន 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​កៃយុស​ជាទីស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត​។

2 អ្នក​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូមឲ្យ​អ្នក​រីកចម្រើន​ក្នុង​ការ​ទាំងអស់ ហើយ​មានសុខភាពល្អ ដូចដែល​ព្រលឹង​របស់អ្នក​បាន​រីកចម្រើន​ដែរ​។

3 មាន​បងប្អូន​បាន​មក ហើយ​ធ្វើបន្ទាល់​អំពី​ការ​ដែល​អ្នក​ស្ថិតនៅក្នុង​សេចក្ដីពិត គឺអំពី​របៀបដែល​អ្នក​កំពុង​ដើរ​ក្នុង​សេចក្ដីពិត ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់​។

4 ខ្ញុំ​គ្មាន​អំណរ​ណា​ខ្លាំងជាង​ការទាំងនេះ​ទេ គឺដែល​ឮ​ថា​កូន‍ៗ​របស់ខ្ញុំ​កំពុង​ដើរ​ក្នុង​សេចក្ដីពិត​។


ទទួលអ្នកធ្វើការរបស់ព្រះ

5 អ្នក​ដ៏ជាទីស្រឡាញ់​អើយ អ្វីក៏ដោយដែល​អ្នក​ធ្វើ​សម្រាប់​បងប្អូន ជាពិសេស​សម្រាប់​បងប្អូន​ដែល​មិនស្គាល់ នោះ​អ្នក​កំពុង​ធ្វើ​ដោយ​ស្មោះត្រង់​ហើយ​។

6 ពួកគេ​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​នៅមុខ​ក្រុមជំនុំ‍។ ប្រសិនបើ​អ្នក​ជូនដំណើរ​ពួកគេ​តាមបែបសមគួរ​នឹង​ព្រះ នោះ​អ្នក​នឹង​ធ្វើ​បាន​ល្អ

7 ដ្បិត​ពួកគេ​បាន​ចេញដំណើរ​ដើម្បី​ព្រះនាម​របស់​ព្រះអង្គ ដោយ​មិន​ទទួល​អ្វី​ពី​សាសន៍ដទៃ​ឡើយ។

8 ដូច្នេះ យើង​ត្រូវតែ​ទទួល​មនុស្ស​បែបនេះ ដើម្បីឲ្យ​យើង​បានជា​អ្នករួមការងារ​សម្រាប់​សេចក្ដីពិត​។


ឌីអូត្រេពេស និងដេមេទ្រាស

9 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ទៅ​ក្រុមជំនុំ​ហើយ ប៉ុន្តែ​ឌីអូត្រេពេស​ដែល​ចូលចិត្តធ្វើជាមេ​ក្នុងចំណោម​ពួកគេ មិន​ព្រម​ទទួល​យើង​ទេ​។

10 ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។

11 អ្នក​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ត្រាប់តាម​ការ​អាក្រក់​ឡើយ គឺ​ចូរ​ត្រាប់តាម​ការល្អ​វិញ​។ អ្នក​ដែល​ធ្វើល្អ ជារបស់​ព្រះ រីឯ​អ្នក​ដែល​ធ្វើអាក្រក់ មិនដែល​ឃើញ​ព្រះ​ឡើយ​។

12 ដេមេទ្រាស​ត្រូវ​ទាំងអស់គ្នា​ធ្វើបន្ទាល់ ហើយ​ត្រូវ​សេចក្ដីពិត​ផ្ទាល់​ធ្វើបន្ទាល់​ដែរ​; រីឯ​យើង​ក៏​ធ្វើបន្ទាល់​ដែរ ហើយ​អ្នក​ក៏​ដឹង​ហើយ​ថា ទីបន្ទាល់​របស់យើង​គឺ​ពិត​។


ពាក្យជម្រាបលា

13 ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​សរសេរ​មក​អ្នក ប៉ុន្តែ​ខ្ញុំ​មិន​ចង់​សរសេរ​មក​អ្នក​ដោយ​ទឹកខ្មៅ និង​ប៉ាកកា​ទេ​។

14 ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ភ្លាមៗ ហើយ​និយាយ​គ្នា​ផ្ទាល់មាត់​។

15 សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ពួក​មិត្តសម្លាញ់​របស់យើង ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នក​ដែរ​។ សូម​អ្នក​ជួយ​សួរសុខទុក្ខ​មិត្តសម្លាញ់​របស់យើង​ម្នាក់ៗ​ផង​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម