អេសាយ 39 - ព្រះគម្ពីរខ្មែរសាកលភាពលេលារបស់ហេសេគា 1 នៅគ្រានោះ ម្រដាក់បាឡាដានបុត្ររបស់បាឡាដាន ជាស្ដេចនៃបាប៊ីឡូន បានផ្ញើសំបុត្រ និងជំនូនមកហេសេគា ដោយឮថាទ្រង់ប្រឈួន ហើយជាវិញ។ 2 ហេសេគាក៏អរសប្បាយនឹងពួកគេ ហើយទ្រង់បង្ហាញឃ្លាំងរាជ្យទ្រព្យរបស់ទ្រង់ដល់ពួកគេ គឺប្រាក់ មាស គ្រឿងក្រអូប និងប្រេងដ៏មានតម្លៃ ព្រមទាំងឃ្លាំងអាវុធទាំងមូលរបស់ទ្រង់ រហូតដល់អ្វីៗទាំងអស់ដែលឃើញមានក្នុងឃ្លាំងរបស់ទ្រង់។ គ្មានអ្វីមួយនៅក្នុងដំណាក់របស់ទ្រង់ ឬនៅក្នុងអាណាចក្រទាំងមូលរបស់ទ្រង់ ដែលហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។ 3 បន្ទាប់មក ព្យាការីអេសាយមកគាល់ព្រះបាទហេសេគា ទូលសួរទ្រង់ថា៖ “តើមនុស្សទាំងនោះបាននិយាយអ្វី? មនុស្សដែលមកគាល់ព្រះករុណា តើមកពីណា?”។ ហេសេគាទ្រង់តបថា៖ “ពួកគេមកគាល់យើង មកពីស្រុកឆ្ងាយ គឺបាប៊ីឡូន”។ 4 គាត់ទូលសួរទៀតថា៖ “តើពួកគេបានឃើញអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះករុណា?”។ ហេសេគាទ្រង់ឆ្លើយថា៖ “ពួកគេបានឃើញអ្វីៗទាំងអស់ដែលនៅក្នុងដំណាក់របស់យើង។ គ្មានអ្វីមួយក្នុងឃ្លាំងរបស់យើង ដែលយើងមិនបានបង្ហាញដល់ពួកគេឡើយ”។ 5 អេសាយក៏ទូលដល់ហេសេគាថា៖ “សូមស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពលបរិវារ: 6 ‘មើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងយកអ្វីៗទាំងអស់ក្នុងដំណាក់របស់អ្នក និងអ្វីៗដែលដូនតារបស់អ្នកបានសន្សំទុករហូតដល់ថ្ងៃនេះ ទៅបាប៊ីឡូន ឥតបន្សល់អ្វីឡើយ’។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: 7 ‘រីឯអ្នកខ្លះក្នុងពួកកូនរបស់អ្នកដែលនឹងចេញពីអ្នកមក ដែលអ្នកនឹងផ្ដល់កំណើត គេនឹងយកទៅឲ្យធ្វើជាមហាតលិកនៅក្នុងរាជវាំងរបស់ស្ដេចបាប៊ីឡូន’”។ 8 ហេសេគាក៏មានរាជឱង្ការនឹងអេសាយថា៖ “ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកបានថ្លែងនោះ គឺល្អហើយ”។ ដ្បិតទ្រង់គិតថា៖ “យ៉ាងហោចណាស់នឹងមានសន្តិភាព និងស្ថិរភាព ក្នុងជំនាន់អញ”៕ |