អេសាយ 22 - ព្រះគម្ពីរខ្មែរសាកលទំនាយទាស់នឹងយេរូសាឡិម 1 នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត: តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ? 2 អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ អ្នកដែលត្រូវគេសម្លាប់របស់អ្នក មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។ 3 អ្នកដឹកនាំទាំងអស់របស់អ្នកបានរត់គេចជាមួយគ្នា ពួកគេត្រូវបានចាប់ចងដោយមិនប្រើធ្នូ។ មនុស្សទាំងអស់របស់អ្នក ដែលគេរកឃើញ ក៏ត្រូវបានចាប់ចងជាមួយគ្នា ទោះបីជាបានរត់គេចទៅឆ្ងាយហើយក៏ដោយ។ 4 ដោយហេតុនេះ ខ្ញុំនិយាយថា៖ “សូមបែរចេញពីខ្ញុំ សូមទុកឲ្យខ្ញុំយំសោកយ៉ាងល្វីងជូរចត់ចុះ! កុំខំសម្រាលទុក្ខខ្ញុំអំពីការបំផ្លាញកូនស្រីប្រជាជនខ្ញុំឡើយ!”។ 5 ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារទ្រង់ធ្វើឲ្យមានថ្ងៃនៃចលាចល ការជាន់ឈ្លី និងការច្របូកច្របល់ នៅក្នុងជ្រលងភ្នំនៃនិមិត្ត គឺជាការបំបាក់បំបែកកំពែង និងជាការស្រែកទៅភ្នំ។ 6 អេឡាំបានស្ពាយបំពង់ព្រួញ ដោយមានរទេះចម្បាំង និងទ័ពសេះផង ហើយគារបានបើកខែលចេញ។ 7 ជ្រលងភ្នំដ៏ល្អបំផុតរបស់អ្នកបានពេញដោយរទេះចម្បាំង ពលសេះក៏តម្រៀបគ្នានៅខ្លោងទ្វារក្រុង។ 8 ព្រះអង្គបានយករបាំងរបស់យូដាចេញហើយ។ នៅថ្ងៃនោះ អ្នករាល់គ្នាបានរំពឹងមើលទៅអាវុធក្នុងវិមាននៃព្រៃឈើ។ 9 អ្នករាល់គ្នាបានឃើញថាកន្លែងបាក់បែកនៃទីក្រុងរបស់ដាវីឌមានច្រើនណាស់ នោះអ្នករាល់គ្នាក៏ប្រមូលទឹកនៅស្រះខាងក្រោម 10 ព្រមទាំងរាប់ចំនួនផ្ទះនៅយេរូសាឡិម ហើយរំលំផ្ទះទាំងនោះដើម្បីពង្រឹងកំពែង។ 11 អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។ 12 នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ បានហៅអ្នករាល់គ្នាមក ឲ្យយំសោក ឲ្យទួញសោក ឲ្យកោរសក់ និងឲ្យក្រវាត់ក្រណាត់ធ្មៃ។ 13 ផ្ទុយទៅវិញ មើល៍! មានការសប្បាយរីករាយ ការសម្លាប់គោ និងការសម្លាប់ចៀម ការស៊ីសាច់ និងការផឹកស្រា ទាំងពោលថា៖ “ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។ 14 ព្រះយេហូវ៉ានៃពលបរិវារបានបើកសម្ដែងដល់ត្រចៀកខ្ញុំថា៖ “សេចក្ដីទុច្ចរិតនេះនឹងមិនត្រូវបានលុបលាងឲ្យអ្នករាល់គ្នាឡើយ រហូតដល់អ្នករាល់គ្នាស្លាប់!”។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលហើយ។ ទំនាយទាស់នឹងសេបណា 15 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “មក៍! ចូរទៅរកចៅហ្វាវាំងម្នាក់នេះ គឺសេបណាដែលត្រួតលើរាជវាំង ហើយនិយាយថា: 16 ‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។ 17 មើល៍! មនុស្សខ្លាំងពូកែអើយ ព្រះយេហូវ៉ានឹងគ្រវែងអ្នកចោលយ៉ាងខ្លាំង។ ព្រះយេហូវ៉ានឹងចាប់អ្នកជាប់ 18 ហើយមូរអ្នកទុកយ៉ាងណែន គឺមូរអ្នកជាដុំ រួចបោះទៅក្នុងទឹកដីធំទូលាយមួយ! អ្នកដែលជាសេចក្ដីអាម៉ាស់ដល់វង្សត្រកូលនៃចៅហ្វាយរបស់ខ្លួនអើយ អ្នកនឹងស្លាប់នៅទីនោះ ហើយរទេះចម្បាំងដ៏រុងរឿងរបស់អ្នកនឹងនៅទីនោះដែរ!’។ 19 យើងនឹងបណ្ដេញអ្នកចេញពីតំណែងរបស់អ្នក ហើយអ្នកនឹងត្រូវបានទម្លាក់ចុះពីមុខងាររបស់អ្នក។ 20 “នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើងមក គឺអេលាគីមកូនរបស់ហ៊ីលគីយ៉ា។ 21 យើងនឹងពាក់អាវវែងរបស់អ្នកឲ្យគាត់ ហើយចងខ្សែក្រវាត់របស់អ្នកឲ្យគាត់ ព្រមទាំងប្រគល់អំណាចគ្រប់គ្រងរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គាត់វិញ នោះគាត់នឹងធ្វើជាឪពុកដល់អ្នកដែលរស់នៅយេរូសាឡិម និងដល់វង្សត្រកូលយូដា។ 22 យើងនឹងដាក់កូនសោនៃវង្សត្រកូលដាវីឌលើស្មាគាត់ នោះអ្វីដែលគាត់បានបើក គ្មានអ្នកណាបិទបានឡើយ ហើយអ្វីដែលគាត់បានបិទ ក៏គ្មានអ្នកណាបើកបានដែរ។ 23 យើងនឹងបោះគាត់ភ្ជាប់នឹងកន្លែងរឹងមាំមួយ ដូចដែកគោល ហើយគាត់នឹងបានជាបល្ល័ង្កដ៏រុងរឿងដល់វង្សត្រកូលរបស់ឪពុកគាត់។ 24 គេនឹងយកអស់ទាំងសិរីរុងរឿងនៃវង្សត្រកូលរបស់ឪពុកគាត់ ព្យួរនៅលើគាត់ គឺទាំងកូនចៅ និងសែស្រឡាយ ដែលប្រៀបដូចជាអស់ទាំងភាជនៈតូចៗ ចាប់ពីពែង រហូតដល់ថូគ្រប់ប្រភេទ”។ 25 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ ដែកគោលដែលត្រូវបានបោះភ្ជាប់នឹងកន្លែងរឹងមាំនោះ នឹងរបូតចេញ ហើយត្រូវបានកាប់ ក៏ធ្លាក់ចុះ នោះបន្ទុកដែលនៅលើដែកគោលនោះនឹងត្រូវបានកាត់ចេញ”។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ៕ |