Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 25 - ព្រះគម្ពីរខ្មែរសាកល


សុភាសិតដែលហេសេគាបានថែមបញ្ចូល

1 សេចក្ដីទាំងនេះ​ជា​សុភាសិត​របស់​សាឡូម៉ូន​ដែរ ជាសេចក្ដី​ដែល​មនុស្ស​របស់​ហេសេគា​ស្ដេច​នៃ​យូដា​បាន​ចម្លង​:

2 ការដែល​លាក់​សេចក្ដី ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​ការដែល​ស្រាវជ្រាវរកឃើញ​សេចក្ដី ជា​សិរីរុងរឿង​របស់​បណ្ដា​ស្ដេច​។

3 ដូចដែល​ផ្ទៃមេឃ​ខ្ពស់​យ៉ាងណា ហើយ​ផែនដី​ជ្រៅ​យ៉ាងណា ព្រះទ័យ​របស់​ស្ដេច​ក៏​វាស់ស្ទង់​មិនបាន​យ៉ាងនោះដែរ​។

4 យក​អាចម៍លោហៈ​ចេញ​ពី​ប្រាក់ នោះ​វា​នឹង​ចេញមក​ជា​ភាជនៈ​សម្រាប់​ជាងទង​។

5 យក​មនុស្ស​អាក្រក់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច នោះ​បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។

6 កុំ​លើកតម្កើង​ខ្លួន​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ ក៏​កុំ​ឈរ​នៅ​កន្លែង​អ្នកធំ​ដែរ

7 ព្រោះ​ការដែល​គេ​ប្រាប់​អ្នក​ថា​៖ “ចូរ​ឡើងមក​ទីនេះ” ប្រសើរ​ជាង​ការដែល​គេ​បន្ទាប​អ្នក​នៅចំពោះមុខ​អ្នកធំ​។

8 អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?

9 ចូរ​ជជែកវែកញែក​អំពី​វិវាទ​របស់អ្នក​ជាមួយ​អ្នកជិតខាង​អ្នក​ចុះ ប៉ុន្តែ​កុំ​លាតត្រដាង​រឿងសម្ងាត់​របស់​អ្នកដទៃ​ឡើយ

10 ក្រែងលោ​អ្នកដែល​ឮ​នឹង​ធ្វើឲ្យ​អ្នក​អាម៉ាស់មុខ នោះ​កេរ្តិ៍ឈ្មោះអាក្រក់​របស់អ្នក​នឹង​មិន​ចាកចេញ​ពីអ្នក​ឡើយ​។

11 ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។

12 ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។

13 ទូត​ស្មោះត្រង់​ប្រៀបដូចជា​ភាពត្រជាក់​នៃ​ព្រិល​នៅ​ថ្ងៃ​ច្រូតកាត់ ដល់​អ្នកដែល​ចាត់​គាត់​ឲ្យទៅ​; គាត់​ធ្វើឲ្យ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន​បាន​ស្រស់ស្រាយឡើងវិញ​។

14 មនុស្ស​ដែល​អួត​អំពី​អំណោយដែលមិនបានឲ្យ ប្រៀបដូចជា​ពពក និង​ខ្យល់​ដែល​គ្មាន​ភ្លៀង​។

15 ដោយ​ការអត់ធ្មត់យ៉ាងយូរ គេ​អាច​លួងលោម​អ្នកដឹកនាំ ហើយ​អណ្ដាត​ទន់ភ្លន់​ក៏​អាច​បំបាក់​ឆ្អឹង​បាន​ដែរ​។

16 បើ​អ្នក​រកបាន​ទឹកឃ្មុំ ចូរ​ហូប​តែ​ល្មម​ចុះ ក្រែងលោ​អ្នក​ទ្រាន់ ហើយ​ក្អួតចេញ​មកវិញ​។

17 កុំសូវ​ឲ្យ​ជើង​អ្នក​នៅ​ផ្ទះ​អ្នកជិតខាង​អ្នក​ពេក ក្រែងលោ​គេ​ទ្រាន់ ហើយ​ស្អប់​អ្នក​វិញ​។

18 មនុស្ស​ដែល​ធ្វើ​ជា​សាក្សី​ភូតភរ​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន ប្រៀបដូចជា​ពូថៅ ដាវ ឬ​ព្រួញ​ដ៏មុត​។

19 ការទុកចិត្ត​លើ​មនុស្ស​ក្បត់​ក្នុង​ថ្ងៃ​នៃ​ទុក្ខវេទនា ប្រៀបដូចជា​ធ្មេញ​ដែល​បាក់ ឬ​ជើង​ដែល​ញញីញញ័រ​។

20 អ្នកដែល​ច្រៀង​ចម្រៀង​ដាក់​ចិត្ត​ដែល​មាន​ទុក្ខព្រួយ គឺដូចជា​អ្នកដែល​ដោះ​សម្លៀកបំពាក់​នៅ​ថ្ងៃ​រងា ឬ​ដូចជា​ទឹកខ្មេះ​លើ​សូដា​។

21 ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរឲ្យ​គេ​ហូប​អាហារ​; ប្រសិនបើ​គេ​ស្រេក ចូរឲ្យ​គេ​ផឹក​ទឹក​ផង​;

22 ធ្វើដូច្នេះ អ្នក​នឹង​ពូន​រងើកភ្លើង​លើ​ក្បាល​របស់គេ ហើយ​ព្រះយេហូវ៉ា​នឹង​ប្រទានរង្វាន់​ដល់​អ្នក​។

23 ខ្យល់​ទិសខាងជើង នាំមកនូវ​ទឹកភ្លៀង អណ្ដាត​និយាយដើម​គេ នាំមកនូវ​មុខ​មួម៉ៅ​។

24 រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។

25 ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ ប្រៀបដូចជា​ទឹក​ត្រជាក់​ដល់​ព្រលឹង​ដែល​អស់កម្លាំង​។

26 មនុស្ស​សុចរិត​ដែល​រង្គើ​នៅមុខ​មនុស្ស​អាក្រក់ ប្រៀបដូចជា​ប្រភពទឹក​ដែល​ត្រូវបាន​ធ្វើឲ្យល្អក់ ឬ​ដូចជា​អណ្ដូង​ដែល​ត្រូវបាន​ធ្វើឲ្យ​ពុល​។

27 ការដែល​ហូប​ទឹកឃ្មុំ​ច្រើន​ពេក មិន​ល្អ​ទេ ការស្វែងរក​សិរីរុងរឿង​របស់ខ្លួន ក៏​មិនមែន​ជា​សិរីរុងរឿង​ដែរ​។

28 មនុស្ស​ដែល​គ្មាន​ការគ្រប់គ្រង​ចិត្ត​របស់ខ្លួន ប្រៀបដូចជា​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ ហើយ​គ្មាន​កំពែង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម