សុភាសិត 13 - ព្រះគម្ពីរខ្មែរសាកល1 កូនដែលមានប្រាជ្ញាស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក រីឯមនុស្សចំអកឡកឡឺយមិនស្ដាប់ពាក្យស្ដីបន្ទោសទេ។ 2 មនុស្សនឹងហូបអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ប៉ុន្តែចំណង់របស់មនុស្សក្បត់ គឺអំពើហិង្សា។ 3 អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។ 4 ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។ 5 មនុស្សសុចរិតស្អប់ពាក្យភូតភរ រីឯមនុស្សអាក្រក់វិញ បញ្ចេញសេចក្ដីសម្អុយ ទាំងប្រព្រឹត្តគួរឲ្យខ្មាសផង។ 6 សេចក្ដីសុចរិតការពារផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែសេចក្ដីអាក្រក់បំផ្លាញមនុស្សបាប។ 7 មានអ្នកខ្លះធ្វើខ្លួនជាអ្នកមាន ប៉ុន្តែគ្មានអ្វីសោះ មានអ្នកខ្លះធ្វើខ្លួនជាអ្នកក្រ ប៉ុន្តែមានទ្រព្យសម្បត្តិច្រើន។ 8 ថ្លៃលោះនៃជីវិតរបស់មនុស្ស គឺភាពស្ដុកស្ដម្ភរបស់គេ ប៉ុន្តែអ្នកក្រីក្រមិនដែលឮពាក្យសម្លុតគំរាមឡើយ។ 9 ពន្លឺរបស់មនុស្សសុចរិតធ្វើឲ្យអរសប្បាយ រីឯចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។ 10 ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។ 11 ទ្រព្យសម្បត្តិដែលបានដោយទទេៗនឹងថយចុះទៅ រីឯអ្នកដែលប្រមូលដោយផ្ទាល់ដៃវិញ នឹងចម្រើនឡើង។ 12 ក្ដីសង្ឃឹមដែលត្រូវបានពន្យារពេលធ្វើឲ្យឈឺចិត្ត រីឯបំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ជាដើមឈើនៃជីវិត។ 13 អ្នកដែលមើលងាយព្រះបន្ទូល នាំសេចក្ដីវិនាសមកលើខ្លួនឯង រីឯអ្នកដែលកោតខ្លាចសេចក្ដីបង្គាប់ នឹងទទួលបានរង្វាន់។ 14 សេចក្ដីបង្រៀនរបស់មនុស្សមានប្រាជ្ញា ជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។ 15 សុភនិច្ឆ័យដ៏ល្អនាំឲ្យមានការគាប់ចិត្ត រីឯផ្លូវរបស់មនុស្សក្បត់ពិបាកវិញ។ 16 គ្រប់ទាំងមនុស្សឆ្លាតវៃប្រព្រឹត្តដោយចំណេះដឹង រីឯមនុស្សល្ងង់សម្ញែងសេចក្ដីល្ងង់។ 17 អ្នកនាំសារអាក្រក់ ធ្លាក់ទៅក្នុងមហន្តរាយ រីឯទូតស្មោះត្រង់ជាការប្រោសឲ្យជា។ 18 ភាពក្រីក្រ និងសេចក្ដីអាម៉ាស់មកដល់អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ នឹងត្រូវបានលើកតម្កើង។ 19 បំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ផ្អែមដល់ព្រលឹង ប៉ុន្តែការបែរចេញពីការអាក្រក់ ជាទីស្អប់ខ្ពើមដល់មនុស្សល្ងង់។ 20 អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។ 21 មហន្តរាយដេញតាមមនុស្សបាប រីឯសេចក្ដីល្អតបសងមនុស្សសុចរិត។ 22 មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។ 23 ដីកាប់ឆ្ការរបស់អ្នកក្រីក្រផ្ដល់ស្បៀងអាហារជាច្រើន ប៉ុន្តែវាត្រូវបានបំផ្លាញដោយភាពអយុត្តិធម៌។ 24 អ្នកដែលសំចៃទុករំពាត់ គឺស្អប់កូនរបស់ខ្លួន រីឯអ្នកដែលស្រឡាញ់កូន ព្យាយាមផ្ដល់ការប្រៀនប្រដៅដល់កូន។ 25 មនុស្សសុចរិតហូបរហូតដល់ព្រលឹងរបស់ខ្លួនបានស្កប់ស្កល់ រីឯក្រពះរបស់មនុស្សអាក្រក់ឃ្លានជានិច្ច៕ |